វេណាហ្សូអេឡាធ្លាប់ជាប្រទេសអ្នកមានមួយក្នុងទ្វីបអាមេរិកខាងត្បូង ប៉ុន្តែឥលូវ...!

Comment (s) / 16-Aug-2017មនុស្សនិងសង្គម


ប្រទេសវេណាហ្សូអេឡា ធ្លាប់ជាប្រទេសអ្នកមាន និងអភិវឌ្ឍន៍មួយនៅក្នុងដែនទ្វីបអាមេរិកខាងត្បូង ។ រហូតមកទល់ពេលបច្ចុប្បន្ននេះ មានប្រជាជនប្រទេសវេណាហ្សូអេឡាភាគច្រើនគឺជាអ្នកទីក្រុង និងមានការអប់រំយល់ដឹង និងធ្លាប់ទទួលបាននូវកម្រិតជីវភាពរស់នៅសមរម្យថ្លៃថ្នូរ មានទាំងទឹកស្អាតប្រើប្រាស់ ប្រព័ន្ធអនាម័យត្រឹមត្រូវ និងប្រព័ន្ធអគ្គិសនីបែបទំនើបជាដើមទៀតផង ។ ប្រទេសវេណាហ្សូអេឡា មានទៅបានក៏ព្រោះប្រទេសនេះគឺជាប្រភពផ្គត់ផ្គង់ប្រេង និងឧស្ម័នដ៏ធំមួយរបស់ពិភពលោក ដែលកាលពីឆ្នាំ២០១២ការរំពឹងទៅលើការលក់ប្រេងឆៅចេញក្នុងមួយធុងមានតម្លៃដល់ទៅជាង១០០ដុល្លារអាមេរិក ប៉ុន្តែក្នុងឆ្នាំ២០១៦កន្លងទៅនេះ តម្លៃប្រេងបានធ្លាក់ចុះយ៉ាងសម្បើមគឺក្នុងមួយធុងតម្លៃមិនដល់២៥ដុល្លារផង ។ 


អស្ថេរភាពនយោបាយ គឺជាមូលហេតុដ៏ចម្បងមួយដែលរុញច្រានស្ថានភាពសេដ្ឋកិច្ចជាតិរបស់ប្រទេសវេណាហ្សូអេឡាឱ្យកាន់តែដុនដាបយ៉ាងក្រៃលែង ។ ប្រជាជនវេណាហ្សូអេឡា ជាច្រើនកំពុងរស់យ៉ាងរងទុក្ខដោយសារលទ្ធផលអាក្រក់នៃអតិផរណាយ៉ាងគំហុក ។ ក្នុងឆ្នាំ២០០១ ប្រទេសវេណាហ្សូអេឡា គឺជាប្រទេសអ្នកមាន ប៉ុន្តែកាលពីឆ្នាំ២០១៦កន្លងទៅ កម្រិតអតិផរណារបស់ប្រទេសវេណាហ្សូអេឡាបានកើនឡើងចាប់ពី៨០០% នឹងកើនឡើងថែមទៀតដល់១,៦០០% នៅចុងឆ្នាំ២០១៧ ។ 


មុនឆ្នាំ២០១៣ តម្លៃរូបិយបណ្ណជាតិរបស់ប្រទេសវេណាហ្សូអេឡា ១០បូលីវារ (Bolivar) ស្មើនឹង១ដុល្លារអាមេរិក ប៉ុន្តែបើតាមទិន្នន័យផ្ដល់ដោយធនាគារ IMF ត្រឹមខែកក្កដាឆ្នាំ២០១៧នេះ លុយ១ដុល្លារអាមេរិក គឺស្មើនឹងជាង១០,០០០បូលីវារ ដែលមិនគួរឱ្យនឹកស្មានដល់សោះ ។


ដោយសារតែបញ្ហានៃភាពដុនដានសេដ្ឋកិច្ចជាតិប៉ុន្មានឆ្នាំនេះហើយទើបនាំឱ្យតម្លៃទំនិញឡើងថ្លៃយ៉ាងខ្លាំង ប្រជាជនកាន់តែជំពាក់បំណុលធនាគារ ភាពក្រីក្រ ភាពអត់ឃ្លាន អំពើចោរកម្មកើតឡើងគ្រប់ទីកន្លែងនៅទូទាំងផ្ទៃប្រទេស ហើយចលនាប្រឆាំងទាមទារឱ្យលោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ ចុះចេញពីដំណែងប្រធានាធិបតី កំពុងតែបន្តប្រព្រឹត្តទៅយ៉ាងហិង្សាដែលបណ្ដាលឱ្យមានមនុស្សជាង១២០នាក់បានស្លាប់ និងរាប់រយនាក់ទៀតរងរបួស ដោយសារការប៉ះទង្គិចជាមួយនឹងអាជ្ញាធរ ។ 


តើហេតុអ្វីបានជាប្រជាជនវេណេហ្សូអេឡា មិនព្រមនាំគ្នាធ្វើចំណាកស្រុកទៅរកជីវភាពល្អប្រសើរជាងនេះនៅឯបរទេសទៅ? ឬមួយពួកគេមិនដាច់ចិត្តរត់ចោលមាតុភូមិរបស់ខ្លួន? នោះគឺមកពីបញ្ហានៃការស្នើរសុំទិដ្ឋាការ និងធ្វើលិខិតឆ្លងដែនមានភាព​យឺត​យ៉ាងខ្លាំងសម្បើមណាស់ គឺត្រូវតម្រង់ជួរគ្នាជាមួយនឹងមនុស្សរាប់ម៉ឺននាក់នៅក្នុងស្ថានសុំលិខិតឆ្លងដែន ប៉ុន្តែការតម្រង់ជួរនោះក៏មិនប្រាកដថានឹងទទួលបានការអនុញ្ញាតិផ្ដល់ជូនភ្លាមៗដែរ មានអ្នកខ្លះត្រូវរង់ចាំដល់ទៅរាប់សប្ដាហ៍ ឬធ្លាយដល់១ខែ ឬ២ខែផងក៏មាន ។ 


វាពិតជាអកុសលណាស់ ដែលប្រទេសវេណេហ្សូអេឡាដែលធ្លាប់ជាប្រទេសអ្នកមានមួយក្នុងទ្វីបអាមេរិកខាងត្បូង បានធ្លាក់ចូលក្នុងស្ថានភាពដ៏យ៉ាប់យឺនយ៉ាងដូច្នេះ ក៏ព្រោះតែអ្នកនយោបាយដើរនយោបាយទាំងមិនស្គាល់ខ្លួនឯងឱ្យបានច្បាស់ ដើរនយោបាយ​ខុសក្រឡាជាន់កែងខ្លួនឯង រហូតដល់នាំទុក្ខដល់ប្រជាជនវេណេហ្សូអេឡារាប់លាននាក់រស់នៅយ៉ាងលំបាកវេទនា ។ ហើយអ្វីដែលរឹតតែអកុសលជាងនេះទៅទៀតនោះ គឺលោកប្រធានាធិបតីអធម៌ នីកូឡា ម៉ាឌូរ៉ូ គឺជាមនុស្សល្មោភនឹងអំណាចមិនព្រមចុះចេញពីដំណែង ដើម្បីផ្ដល់ឱកាសទុកឱ្យអ្នកជំនាន់ក្រោយដែលមានសមត្ថភាពឡើងមកស្ដារស្ថានភាពជាតិឱ្យល្អប្រសើរឡើងវិញ ប៉ុន្តែបែរជាបញ្ជាកងទ័ពរបស់ជាតិដែលរស់អាស្រ័យទៅបានដោយសារ (ប្រាក់បង់ពន្ធ) របស់ប្រជាជន ឱ្យមកការពារខ្លួន និងទៅទប់ទល់បង្ក្រាបប្រជានុរាស្រ្តរបស់ខ្លួនឯងយ៉ាងព្រៃផ្សៃទៅវិញ ។ តើនេះគឺជាអនន្តរិយកម្មរបស់លោកប្រធានាធិបតីរូបនេះដែរឬយ៉ាងណានោះ គឺមានតែលទ្ធផលនៅចុងទីបញ្ចប់ទេ គឺជាអ្នកសម្រេច ៕





ដោយ៖ ឈូកស
ប្រភព៖ វេទិកាសេដ្ឋកិច្ចពិភពលោក

Related News

Comment..