បើអ្នក​បានស្ត្រី​ប្រភេទ​នេះ​ជាភរិយា​ ត្រូវចេះ​ថែរក្សា​នាងឱ្យ​បានល្អ​

Comment (s) / 24-Apr-2017កម្សាន្តប្លែកៗ


ដូចពាក្យ​ចាស់លោក​ពោលថា​៖ ប្រុសពេញដី​ ស្រីពេញនគរ ​កល្យាណ​មិនសម្បូណ៌​ ជន់ជោរ​ដោយបុថុជ្ជន ​។​ នៅក្នុង​សង្គមបច្ចុប្បន្ននេះ ​នារីៗ​សាមញ្ញៗ​ដែលមាន​ជីវិតហ៊ុំព័ទ្ធ​ប្រឡាក់​ទៅដោយ​គ្រឿងសៅហ្មង​ ដែលកំពុង​ជាប់ជំពាក់​នឹង៖ ​ទ្រព្យសម្បត្តិ ​រូបសម្ផស្ស​ សម្ភារនិយម ​តិរច្ឆានក​ថានិយម​ ​ប្រកប​មាយាទ​ក្រៅ​គន្លងស្រ្តី​ វីវក់នឹងស្រា​-បៀរ​ ពូកែរាំរែក​ ពូកែ​បោកប្រាស​ ពូកែកុហក ​គឺសម្បូណ៌​ច្រើនអនេក​ ដូច្នេះហើយ​ទើបធ្វើ​ឱ្យបុរសៗ​មួយចំនួន​ដែលមានការ​សិក្សា​បានខ្ពង់ខ្ពស់​ ប្រកប​ដោយ​ក្រមសីលធម៌-​សុជីវធម៌​ និងមានការ​គិតគូរ​វែងឆ្ងាយ​នោះប្រទះ​នឹងភាព​មិនងាយ​ស្រួលក្នុង​ការស្វែង​រកឧត្តមស្រ្តី​ម្នាក់មក​ធ្វើជា​ឧត្តមភរិយា​ ។ ​ប៉ុន្តែ​ប្រសិន​បើវាជា​ឧបនិស្ស័យ​របស់អ្នក​ នៅថ្ងៃណា​មួយដែល​អ្នកបា​នជួបស្រ្តី​ដែលមាន​ឧត្តម​លក្ខណសម្បត្តិ​៥យ៉ាងនេះ​ធ្វើជាភរិយា​ហើយ​ ចូរថែរក្សានាង​ និងកសាង​សុខសុភមង្គល​ជូននាង​ឱ្យបានគង់វង្ស​៖​


១​. ស្ងប់ ​តែមិនស្ងាត់​

លក្ខណៈទី១​រ​បស់នាង​, គឺនាង​ស្ងប់ដោយ​បានយល់ច្បាស់​អំពី​ជម្រៅ​នៃព្រះធម៌,​ កាលណា​នាងយល់​ច្បាស់ពី​ព្រះធម៌​ យល់ពីជម្រៅ​នៃដួងចិត្ត​របស់ខ្លួននាង ​យល់ច្បាស់​ពីច្បាប់ធម្មជាតិ​យ៉ាងល្អិតសុខុម ​​នោះគឺបានន័យថា​នាងយល់ពី​មនុស្សនៅ​ជុំវិញខ្លួន​​ យល់ពីកាលៈទេសៈ​ យល់ពី​សង្គម​មនុស្ស​ច្បាស់លាស់​ណាស់,​ មនុស្សស្រី​ប្រភេទនេះ ​នាងស្ងប់​ចំពោះ​ការពិត​នៅខាងក្នុង​មណ្ឌល​ចក្រវាឡនៃ​ចិត្ត​របស់នាង​ ប៉ុន្តែ​នាងនឹង​មិនស្ងាត់​ជ្រងំ​សម្ងំយកសុខ​តែម្នាក់ឯងឡើយ​ ព្រោះដោយសារ​​តែចិត្តប្រកប​ដោយមេត្តា ​ករុណា ​មុទិតា​ និងឧបេក្ខា​ នោះនាង​នឹងប្រឹងប្រែង​គ្រប់សកម្មភាព​ដែលនាង​អាចធ្វើទៅ​បានដើម្បី​រំដោះមនុស្ស​តាមរយៈ​ការពន្យល់​ចង្អុល​បង្ហាញផ្លូវត្រូវ ​ដើម្បីឱ្យ​មនុស្ស​ដែលនាងអាណិត​អាសូរ​ទាំងនោះ​អាចរំដោះ​ខ្លួនចេញពី​អន្លង់ទុក្ខបាន​ ។​


២.​ ជាមនុស្ស​មិនរឹង​រូសមានះ​

លក្ខណៈទី២នេះ​ នៅពេលណា​នាងយល់ពី​សេចក្ដីពិត​យ៉ាងជ្រាលជ្រៅហើយ​ នាងអាច​សម្របខ្លួន​បានគ្រប់​កាលៈទេសៈ ​និងជាមួយ​គ្រប់ប្រភេទ​មនុស្សទាំង​អស់នៅ​ក្នុងសង្គម​ ព្រោះដោយសារ​តែនាង​មានអំណាច​នៃចិត្តមួយ គឺមេត្តាចិត្ត​ ប៉ុន្តែនាង​នឹងមិន​បន្តសេពគប់​ជាមួយប្រភេទ​មនុស្ស​ដែលពោរពេញ​ដោយធាតុ​បាបកម្ម​ក្រាស់ក្រែល​ ពិបាក​នឹងជួយ​ណែនាំ​ឡើយ ​។​


៣.​ នាង​ជាមេដឹក​នាំដ៏អមតៈ​

លក្ខណៈទី៣នេះ​ គឺនាង​មិនត្រឹមតែ​មានការយល់ដឹង​អំពីដំណើរ​ប្រព្រឹត្តទៅ​នៃច្បាប់​សាកល​ ឬច្បាប់​ធម្មជាតិ​ប៉ុណ្ណោះទេ​ ប៉ុន្តែនាង​ក៏ជាស្រ្តី​ដែលទទួល​បានការសិក្សា​ក្នុងវិជ្ជាផ្លូវ​លោកីយ​ ក្នុងកម្រិត​ឧត្តមណា​មួយនៃ​សាកលវិទ្យាល័យដែរ​ ។​ អំណោយ​ផលនៃ​ឧបនិស្ស័យ​បានពីការសិក្សា​ក្នុងវិជ្ជា​ផ្លូវលោក​សាមញ្ញ ​និងវិជ្ជា​​ចម្លង​ខ្លួនឱ្យ​រួចផុត​ពីអន្លង់​ទុក្ខទាំងពីរ​យ៉ាងនេះហើយ​ ដែលធ្វើ​ឱ្យនាង​មានទេព​កោសល្យ​ក្នុងការធ្វើជា​មេដឹកនាំ​ជាអមតៈ​ ហើយមិនងាយ​មានជនសាមញ្ញ​ណាមួយអាច​ចូលមក​បំបែក​ហែកហួង​ ឬផ្ចាញ់ផ្ចាល​នាងបានឡើយ​ ប៉ុន្តែជួនកាល​ដោយសេចក្ដី​មេត្តា ​និងយល់ពីកាលៈទេសៈ ​នាងក៏មិន​បន្តនៅយក​ឈ្នះចាញ់​ជាមួយ​សាមញ្ញជន ​ឬ ​(ពពួក​មនុស្សប្រុស ​ឬស្រីដែល​ពោរពេញ​ដោយបាបកម្ម​) ​ទាំងនោះ​ដែ​រ​ ។​


៤. ​ចេះនូវ​គេហវិជ្ជា​តាមលក្ខណៈ​របស់ស្រ្តី៖​ 

លក្ខណៈទី៤នេះ​, បើនាង​ពូកែរឿង​ខាងក្រៅ ​រឿង​ស​ង្គមមនុស្ស ​រឿងសង្គម​ពិភពលោក​ រឿងនយោបាយ ​សេដ្ឋកិច្ច ​និងវប្បធម៌​ជាដើមនៅខាងក្រៅ​ហើយ,​ រឿងខាង​ក្នុងផ្ទះ​ ដូចជា៖​ ការកសាង​មនោសញ្ចេតនា ​កសាងរ​បៀបរបបរស់​នៅប្រកប​ដោយផាសុកភាព​ និងវិន័យ ​និងសុខ​សុភមង្គល​នៅក្នុងរង្វង់​គ្រួសារ ​ក៏នាងប៉ិន​ប្រសប់ផងដែរ ​។ ជា​ពិសេស​ទៅទៀតនោះ​ នាងគឺជា​មនុស្ស​ដែលមានសម្ដី​ កាយវិការ​ និងរលកចិត្ត​ស្មើល្អ​គ្រប់ពេល​ចំពោះសមាជិក​គ្រួសារទាំងអស់​ ។​ នាងមិន​ដែលមាន​គំនិត​គិតអាក្រក់​ចំពោះសមាជិក​គ្រួសារណាម្នាក់​, ការប្រើ​សម្ដីសម្ដៅ​របស់នាង​ទៅកាន់​សមាជិកគ្រួសារ​ គឺមិនខ្លាំងពេក ​មិន​ស្រាលពេក​ គឺល្មម​នឹងស្ដាប់​បានហើយ​ងាយយល់​ ។​ ពិតណាស់​នាងគឺ​ជាមាតា ​និងជាភរិយា​ដ៏ឧត្ដម​ ។​


៥.​ នាងមាន​ឧត្តមសម្បត្តិ​ពិសេស៣ទៀត​៖​

-រូបសម្បត្តិ​៖ នាងមិន​ងាយរង​គ្រោះ​ដោយសារ​ជម្ងឺ​ (​មានសុ​ខភាពល្អ​ជានិច្ច​),​ មានសម្បុរល្អ, ​​មុខមាត់​មាន​សិរីសួស្ដី​ជាប្រចាំ​

-ធម្មចរិយាសម្បត្តិ៖​ នាង​ប្រកប​ដោយសីល៥​ (មិនសម្លាប់​ជីវិត​, មិនលួច​កិបកេង​ទ្រព្យសម្បត្តិ​របស់អ្នកដទៃ​, មានភក្ដី​ភាពយ៉ាង​ជ្រាលជ្រៅ​ចំពោះស្វាមីខ្លួន,​ មិនពោលពាក្យកុហក​, មិនផឹកស្រា​ ឬបៀរ)​

-ទ្រព្យសម្បត្តិ៖ ​មិនត្រឹម​តែកើត​មកមាន​ធម្មជាតិពូកែ​រកទ្រព្យសម្បត្តិ​តាមរយៈ​កិច្ចការស្រប​ច្បាប់ ​និងសុចរិត ​ប៉ុន្តែនាង​​ក៏ពូកែ​ទុកដាក់​ និងសន្សំ​សំចៃ​ដើម្បី​អនាគត​គ្រួសាររបស់នាង​ណាស់ដែរ ​៕​


*ស្រ្តីបែប​នេះក្នុង​សង្គម​សម័យ​ជ្រួលជ្រើម​ដោយបច្ចេកវិទ្យា​ទំនើប​និយម​បច្ចុប្បន្ន​នេះកម្រមានណាស់​, ប៉ុន្តែ​មិនមែន​ថាគ្មានឡើយ ​គឺប្រហែលមាន​១ក្នុងចំណោម​មនុស្ស១លាននាក់ ​ប៉ុន្តែ​ប្រសិន​ជាអ្នកបាន​ស្រ្តីប្រភេទ​នេះជាឧត្តមភរិយា​ហើយ​ នោះច្បាស់​ណាស់អ្នក​ប្រាកដជា​ប្រកប​ដោយឧត្តម​លក្ខណសម្បត្តិ​ប្រសើរ​ក្នុងនាម​ជាបុរស ​ជាឧត្តម​ស្វាមី​សម្រាប់នាង​ និងថែរក្សា​នាងឱ្យបាន​ល្អប្រសើ​រ ៕​


ប្រសិន​ជាប្រិយមិត្ត​មានវិធីសាស្រ្ត​មានប្រយោជន៍ថ្មីៗ ​ឬអាថ៌កំបាំង​ជីវិត​ដែលទាក់ទង​នឹងស្នេហា​ មុខជំនួញ ​ការសិក្សា ​ឬវិធីសាស្រ្ត​គ្រប់គ្រង​ ហើយគិតថា​មានប្រយោជន៍​ក្នុងការផ្លាស់​ប្ដូរជីវិត​ប្រជាជនខ្មែ​រនៅក្នុងសង្គម​របស់យើង​ឱ្យមានភាពល្អ​ប្រសើរឡើង,​ ឬជាសារ​ប្រកបដោយ​ឧត្តមគតិ​ចង់ផ្ញើរ​ទៅដាស់​តឿន​នរណាម្នាក់​, លោកអ្នក​អាចផ្ញើ​រមកកាន់​ Email:​ hengyong​.peacewalke​r@gmail.com ។​ យើងខ្ញុំនឹ​ងជួយទម្លាយ​នូវអាថ៌កំបាំង​ទាំងនោះជូន​លោកអ្ន​ក ។ ការសម្ងាត់​នឹងត្រូវបាន​រក្សាជូន​ !​

*ចំណាំ៖​ អត្ថបទ​ត្រូវប្រកបដោយ​ (សីលធម៌​, មិនខុស​វេយ្យាករណ៍ខ្មែរ​, មានរបៀប​រៀបរយ​) ​។​



ដោយ៖ ឈូកស
Cool FM 100.7

Related News

Comment..